មន្រ្តីយោធាម្នាក់បាញ់សម្លាប់មនុស្សរួច ប្រាប់ឲ្យពលរដ្ឋទូរស័ព្ទប្រាប់សមត្ថកិច្ចមកឃាត់ខ្លួនចាត់ការតាមច្បាប់

ខេត្តពោធិ៍សាត់៖ ផឹកសុីជុំគ្នាចាក់ធុងបាស់ច្រៀងរាំកម្សាន្តសប្បាយក្លាយជាករណីហិង្សា បាញ់សម្លាប់ ដែលបង្កឡើងដោយជនសង្ស័យជាមន្រ្តីយោធា នៅអង្កភាពកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ)
ករណីបាញ់សម្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទី ល្ងាចថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះ (ធី ឋិត)នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ឧត្ដមសេនីយ៍ត្រី (ម៉ូ លីដា) ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថា ៖ ជនរងគ្រោះ(ស្លាប់)ត្រូវបានគេស្គាល់ឈ្មោះ( ងួន ទូច) ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ចំណែកជនសង្ស័យដៃដល់ជាមន្រ្តីយោធាកងពលតូចអន្ដរាគមលេខ១៤(បាយឃ្លះ) ឈ្មោះ( ប្រាក់ សុផល) ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានឋានៈ វរៈសេនីយ៍ត្រី តួនាទី នាយរងការិយាល័យហ្វឹកហ្វឺន ។

លោក ឧត្ដមសេនីយ៍ត្រី( ម៉ូ លីដា) ស្នងការរងបន្តថា ឲ្យដឹងទៀតថា បច្ចុប្បន្ន ជនសង្ស័យ (ប្រាក់ សុផល)មន្រ្តីយោធា រួមទាំងវត្ថុតាងអាវុធខ្លីម៉ាក កា54 ដែលមានលេខ55006594 បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី តាមបញ្ជាលោកព្ររាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ។

ដោយឡែក ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋជុំវិញកន្លែងកើតហេតុ មុនដំបូងមានការផឹកសុីនៅក្បែរកន្លែងកើតហេតុ បន្ទាប់មកបានហៅបក្សពួកច្រើនទៅៗ រួមទាំងជនរងគ្រោះ និងគ្រួសារ និងជនសង្ស័យដៃដល់ផង ខណៈនោះកូនតូចរបស់ជនរងគ្រោះ(ងួន ទូច)បានដើរឆ្លងផ្លូវ ធ្វើឲ្យជនរងគ្រោះ(ស្លាប់)ខឹងសំបាយ៉ាងខ្លាំងនឹងម្ដាយ(ប្រពន្ធ)មិនចេះមើលកូន ប្រពន្ធតបទៅវិញថាខ្ញុំទៅបត់ជើង ឯងក៏មិនមើលកូនដែរ រួចក៏ហៅកូនៗឡើងម៉ូតូបំរុងឌុបទៅផ្ទះ ប៉ុន្តែជនរងគ្រោះ(ងួន ទូច)ស្ទុះទៅវាយកូនច្បងថាមិនចេះមើលប្អូន គ្រានោះជនសង្ស័យដៃដល់(ប្រាក់ សុផល)មន្រ្តីយោធា បានលូកមាត់ថាកុំវាយវា វាអត់ដឹងអ្វីទេ ក៏ចាប់ផ្ដើមទំនាស់ ពាក្យសម្ដីគ្នារហូតជនរងគ្រោះ ដោះអាវចេញពីខ្លួនគប់បោកផ្ទប់ទៅដី ជនសង្ស័យ (ប្រាក់ សុផល)បន្ទរថាបើឯងខ្លាំងហក់មក ខណៈនោះជនរងគ្រោះកាន់ដុំអ្វីមួយ ប៉ុន្តែត្រូវជនសង្ស័យដកអាវុធខ្លីពីចង្កេះបាញ់១គ្រាប់ ចំក្បែរដោះខាងឆ្វេងដួលស្លាប់មួយរំពេច ហើយជនសង្ស័យមន្រ្តីយោធា គាត់អត់រត់ទៅណាទេដោយឲ្យអ្នកនៅម្ដុំនោះ ទូរស័ព្ទហៅសមត្ថកិច្ចចាប់ខ្លួនគាត់ ស៊ូជាប់គុកហើយព្រោះគាត់បានបាញ់មនុស្សស្លាប់ បន្ទាប់ឃាត់ខ្លួនគាត់បានហើយអ្នកភូមិនៅទីនោះបានវាយគាត់យ៉ាងដំណំផងដែរ ។
លោក (ស ថេង) ស្នងការនគរបាលខេត្ត បានប្រាប់តាមទូរស័ព្ទថា៖ ជនសង្ស័យ ឃាត់ខ្លួនបានហើយ និងបន្តនីតិវិធីតាមផ្លូវច្បាប់។ លោកថា៖ សូម្បីតែលោកអភិបាលខេត្តក៏យកចិត្តទុកដាក់ក្នុងករណីនេះផងដែរលោកបានអោយសមត្ថកិច្ចចាត់ការបន្តតាមនិតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *