ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ និស្សិតមានឱកាសបានសិក្សានៅជប៉ុន ជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាត់ទុកនិស្សិត ដែលទទួលបានអាហារូបករណ៍ ចេញទៅសិក្សានៅជប៉ុន គឺជាធនធានដ៏មានសក្តានុពលសម្រាប់កម្ពុជា ក្នុងការរួមចំណែករុញច្រានសេដ្ឋកិច្ច និងសង្គមឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត នាឱកាសអញ្ជើញសំណេះសំណាល និងផ្តាំផ្ញើដល់បេក្ខភាពនិស្សិតជ័យលាភីដែលបានចូលរួមចំនួន ៤៨នាក់ ដែលនឹងទៅបន្តសិក្សានៅប្រទេសជប៉ុននាពេលខាងមុខ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០។ ពិធីនេះ មានការចូលរួមផងដែរពី ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ និស្សិតជ័យលាភីអាហាររូបករណ៍JDS និស្សិតជ័យលាភីអាហាររូបករណ៍ MEXT និងអតីតនិស្សិតអាហាររូបករណ៍សរុបចំនួន ១២១នាក់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវបទពិសោធន៍ពីប្រទេសជប៉ុន ដែលឈានមុខគេ រីកចម្រើនខាងបច្ចេកវិទ្យា ដែលទាមទារនិស្សិតយើងចាប់យកឲ្យបានដើម្បីមកអភិវឌ្ឍប្រទេសយើងឲ្យកាន់តែជឿនលឿនបន្តទៀត។

ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ឲ្យប្អូនៗដែលទទួលបានអាហារូបករណ៍ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រអោយបាន១២០% ដោយ១០០%សិក្សានៅក្នុងថ្នាក់ និង២០%ទៀត សិក្សាស្វែងយល់បន្ថែមទៀតពីបរិយាកាសនៅខាងក្រៅ ដោយត្រូវចេះបង្កើននូវទំនាក់ទំនង និងមិត្តភាពជាមួយបណ្តានិស្សិតដទៃទៀត និងឆ្លៀតឱកាសធ្វើជាអគ្គរាជទូតរបស់កម្ពុជា ក្នុងការផ្សព្វផ្សាព្វនូវវប្បធម៌ ក៍ដូចជាអារ្យធ៌ម ព្រមទាំងតំបន់ទេសចរដែលមានសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ដើម្បីលើកតម្កើងជាតិរបស់យើង។

តំណាងនិសិ្សតជ័យលាភីអាហាររូបករណ៍ JDS និង តំណាងនិស្សិតជ័យលាភីអាហាររូបករណ៍ MEXT មានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានរៀបចំពីធីជួបជុំប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលនេះឡើង។ តំណាងនិស្សិតបានបង្ហាញនូវការប្តេជ្ញាចិត្តថានឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗដែលទទួលបានពីប្រទេសជប៉ុនមកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិដែលកំពុងតែមានការអភិវឌ្ឍន៍ស្រាប់ ក្រោមមាគ៌ាដឹកនាំ និងម្លប់សន្តិភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានប្រែក្លាយប្រទេសពីបាតដៃទទេ រហូតស្មើមុខ ស្មើសិទ្ធិ ទាំងក្នុងតំបន់ និងក្នុងសាកលលោក។

គួរបញ្ជាក់ផងដែរថា  អាហារូបករណ៍កម្មវិធី JDS បានចាប់ផ្តើមផ្តល់ដោយរដ្ឋាភិបាលជប៉ុន នៅឆ្នាំ២០០០ សរុប ៤១៦នាក់ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២នាក់ រៀងរាល់ឆ្នាំ។ ចំពោះនិស្សិតដែលកំពុងបន្តការរស់នៅប្រទេសជប៉ុន មានចំនួន ៨៥៧នាក់ ក្នុងនោះអាហារូបករណ៍របស់ក្រសួងអប់រំ (MEXT) បានចាប់ផ្តើមផ្តល់ដោយរដ្ឋាភិបាលជប៉ុន នៅឆ្នាំ១៩៩៣ សរុបជាង ១,១០០នាក់ មានចាប់ពីកម្រិតកម្មករជំនាញ រហូតដល់ថ្នាក់បណ្ឌិត។

ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន និសិ្សតកម្ពុជាដែលបានចេញទៅសិក្សានៅប្រទេសជប៉ុនមានចំនួនច្រើនពាន់នាក់ បើរាប់បញ្ចូលទាំងវគ្គខ្លីៗមួយចំនួនផងនោះ។  រីឯនិស្សិតដែលបានត្រឡប់មកក្នុងប្រទេសវិញ កំពុងបម្រើងការងារក្នុងស្ថាប័នស្រាវជ្រាវ ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដែលធនធានទាំងនេះបានជួយអភិវឌ្ឍប្រទេស កសាងសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនឥតឈប់ឈរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *