ស្ត្រីម្នាក់ត្រូវរថយន្ត ដឹកស៊ីម៉ងត៍បុកស្លាប់ ខណៈស្ត្រីរងគ្រោះ ដើរឆ្លងផ្លូវមិនប្រយ័ត្ន

(ខេត្តកំពត)៖ ស្ត្រីម្នាក់ត្រូវរថយន្តដឹក ស៊ីម៉ងត៍បុកពេញទំហឹង ហើយអូសជិត១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ គួរឲ្យអាណោចអធ័មបំផុត។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅ វេលាម៉ោង២និង ៥៥នាទី រសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចមុខ រោងចក្រពូចិន ស្ថិតក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ស្រ្តីរងគ្រោះត្រូវគេស្គាល់ឈ្មោះ ង៉ែត មូច អាយុ៥៤ឆ្នាំ មានទីលំនៅ ភូមិស្រែលើ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។

ទាក់ទិននឹងករណីគ្រោះថ្នាក់ខាងលើ សាក្សីជាច្រើននៅ កន្លែងកើតហេតុ បាននិយាយថា មុនពេលជួបហេតុ ការណ៍ដ៏អាក្រក់ ស្ត្រីរងគ្រោះជិះរថយន្ត មកពីប្លុងចង្ហាន់ នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត លុះធ្វើដំណើរ ត្រឡប់មកវិញតាម រថយន្តមកដល់ចំណុច មុខរោងចក្រពូចិន រថយន្តក៏បានចតឈប់  ហើយខណៈនោះ ស្ត្រីរងគ្រោះក៏ចុះ ដើរឆ្លងផ្លូវបំណងទៅ ទិញនំចំណីនៅឯ ផ្លូវម្ខាងទៀត គាប់ជួនរថយន្តដឹក ស៊ីម៉ងត៍បើកបោះ ពួយមកពីទិសខាងកើត ក៏បុកស្ត្រីរងគ្រោះ ពេញទំហឹងហើយ អូសជិត១០០ម៉ែត្រ បណ្តាលឲ្យស្លាប់ ភ្លាមៗតែម្តង។

ប្រភពបន្តថា ក្រោយពីបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្តបង្កក៏ ចតរថយន្តចោល នៅកន្លែងកើតហេតុ រួចដាក់មេប្រូច បាត់ស្រមោលតែម្តង។

បច្ចុប្បន្នសពស្ត្រីរង គ្រោះត្រូវសាច់ញាតិ យកទៅកាន់លំនៅ ដ្ឋានដើម្បីចាត់ចែង ធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តបង្កសមត្ថកិច្ច បាននាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកំពង់ត្រាច រង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយទៅ តាមច្បាប់ចរាចរណ៍ ផ្លូវគោក៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *