អភិបាលខេត្តកំពត ចុះពិនិត្យស្ថានភាព ទឹកតាមដងព្រែក ដើម្បីត្រៀមលក្ខណៈ ជួយអន្តរាគមន៍

(ខេត្តកំពត)៖ ស្ថិតក្នុងស្ថានភាព ធាតុអាកាសអាប់អួរ ហើយភ្លៀងនៅតែ បន្តធ្លាក់ជាប់គ្នា រយៈពេល៣ ថ្ងៃគឺចាប់ពីថ្ងៃ ទី៣១ខែកក្កដា ដល់ថ្ងៃទី ២ខែសីហាឆ្នាំ២០២០ លោក ជាវ តាយ អភិបាលកំពត បានអញ្ជើញចុះពិនិត្យ ស្ថានភាពទឹក នៅតាមដងព្រែក កំពង់បាយក្រុងកំពត រហូតដល់ព្រែកទឹកឈូ ឆ្លងកាត់ក្នុងឃុំម៉ាក់ ប្រាង្គនិងឃុំកំពង់គ្រែង ក្នុងស្រុកទឹកឈូ ខេត្តកំពត នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។

ក្នុងដំណើរចុះពិនិត្យ ក៏មានការរួមដំណើរ ដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអភិបាលស្រុក ទឹកឈូក្រុងកំពត និងកងកម្លាំងនគរបាល ខេត្តនគរបាលការពារ ព្រំដែនទឹកវីរៈសេនា តូចលេខ២៤១ ផងដែរ។

លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា​ បើតាមការពិនិត្យវាយ តម្លៃស្ថានភាព ទឹកតាមដងព្រែក នៅពេលនេះ គឺនៅមិនទាន់មានការ ព្រួយបារម្ភចំពោះ ផលប៉ះពាល់ នៃការលិចលង់ ដល់លំនៅដ្ឋានផ្ទះសំបែង ស្រែចំការរបស់ ប្រជាពលរដ្ឋនៅឡើយ។

ប៉ុន្តែបើភ្លៀងនៅតែបន្តធ្លាក់ គឺយើងមិនត្រូវមានការ ធ្វេសប្រហែសឡើយ ដូច្នេះសូមឱ្យអាជ្ញាធរ មូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច គ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវប្រុងប្រយ័ត្ន បន្តតាមដានចំពោះបាតុភូត ឬធាតុអាកាសដែលអាចបង្កឱ្យមានជំនន់ទឹកភ្លៀង ធ្វើឲ្យប្រជាពលរដ្ឋជួប ការលំបាកឬរងគ្រោះ ដោយប្រការផ្សេងៗ។

ជាពិសេសត្រូវត្រៀមលក្ខណៈ គ្រប់មធ្យោបាយ ដើម្បីជួយអន្តរាគមន៍ឬ ជំលៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព ក្នុងករណីមានហេតុការណ៍ ទឹកជំននន់កើតឡើង។

ទន្ទឹមនឹងនោះក៏សូមឲ្យ អាជ្ញាធរមូលដ្ឋាន រាយការណ៍មករដ្ឋ បាលខេត្តជាបន្ទាន់ ដោយមិនត្រូវទុកឲ្យ ប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយជំនាន់ ទឹកភ្លៀងនេះហើយគ្មានការ អន្តរាគមន៍ពីអាជ្ញាធរ និងកងកម្លាំងសមត្ថ កិច្ចយើងបានឡើយ។

ជាមួយនេះ លោកអភិបាលខេត្តក៏បាន ស្នើដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយព្រែកទាំង អស់ រួមទាំងម្ចាស់បឹងហ្គាឡូ រមណីយដ្ឋាននានា ស្ថិតនៅជាប់ទីតាំងដងព្រែក ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ដូចប្រព័ន្ធភ្លើង អគ្គិសនីប្រើប្រាស់ និងរបស់របរសំខាន់ៗជាដើម ត្រូវត្រៀមលក្ខណៈបង្ការ មុនពេលមានទឹក ជំនន់មកដល់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *